CHA Activities


 សកម្មភាពឆ្ពោះទៅកាន់ការបង្កើត សមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា
Activities toward the establishment of the Cambodian Historians Association


សកម្មភាព នៃសមាគម អ្នកប្រវត្តិសាស្ត្រ កម្ពុជា ក្រោយពេលបង្កើត
Activities of the Cambodian Historians Association after the establishment


សកម្មភាពទី១ របស់សមាគម
(First activity of the Association)
កម្មវិធីស្រាវជ្រាវអំពី « ប្រវត្តិវិទ្យាល័យ ព្រះស៊ីសុវត្ថិ»
Research Program on “History of Sisowath High School”

ការយល់ឃើញ ចំពោះសម័យអាណានិគម ដោយប្រវត្តិវិទូខ្មែរម្នាក់
ដោយសាស្ត្រាចារ្យ ស៊ន សំណាង ប្រធានសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា


អត្ថបទវិភាគ ចូលរួមក្នុងទិវារំលឹកខួប១៥០​ឆ្នាំ
នៃទំនាក់ទំនងបារាំង-កម្ពុជា (១១​សីហា​ ១៨៦៣-១១សីហា​ ២០១៣)
រៀបចំដោយ​សមាគមអ្នកប្រវត្តិសាស្រ្តកម្ពុជា​ ថ្ងៃទី ១១ សីហា ២០១៣
(ជួយវាយអត្ថបទដោយលោក រិទ្ធី វណ្ណសក្តិ និស្សិតឆ្នាំទី៤ វិទ្យាស្ថានអ៊ីនធឺរេដ)

សាស្ត្រាចារ្យ ស៊ន សំណាង រូបទី៣ ពីឆ្វេងទៅស្តាំ


ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ទិវារំលឹក ខួប១៥០ឆ្នាំ នៃទំនាក់ទំនង បារាំង-កម្ពុជា គឺជាវេទិកា ឧត្តមសិក្សា និងប្រវត្តិសាស្ត្រ ដែលមាន គោលបំណង បង្កើន ការយល់ដឹង អំពីអតីតកាល នៃប្រទេសកម្ពុជា ដើម្បី រួមចំណែក ចំពោះ «សន្តិភាព វិបុលភាព និងវឌ្ឍនភាព»។

ដូចលោកអ្នក បានជ្រាប ហើយថា ប្រទេសកម្ពុជា មានវប្បធម៌ និងប្រពៃណី ២០០០ឆ្នាំ មកហើយ។ ក្នុងសម័យរុងរឿង បំផុតនោះ គឺពីស.វ.ទី១០ ដល់ស.វ.ទី១៤ កម្ពុជា ជាចក្រភព មួយដ៏ធំទូលាយ ដែលមាន ធនធាន ស្តុកស្តម្ភ និងឬទ្ធានុភាព ខ្លាំងក្លា ដោយមាន ប្រាសាទអង្គរ ជាភស្តុតាង យ៉ាងជាក់ស្តែង។ សម័យ ក្រោយអង្គរ ចាប់ពីស.វ.ទី១៥  កម្ពុជា បានជួប នឹងភាព វឹកវរខាង នយោបាយ និងសង្គ្រាម ជាញឹកញាប់ នាំឲ្យប្រទេស នេះចុះទន់ខ្សោយ យ៉ាងខ្លាំង។

ពាក់កណ្តាល ទី១នៃស.វ. ទី១៩  ត្រូវបាន រាប់ថា ជារយៈពេល ខ្មៅងងឹត នៃប្រវត្តិសាស្ត្រ របស់កម្ពុជា ដែលត្រូវខ្ទប់ជាប់ នៅចន្លោះ ប្រទេស អាណ្ណាម និងសៀម។  ព្រះបាទអង្គឌួង​ (១៨៤៨-១៨៦០) ដែលបាន ឮល្បីអំពី អន្តរាគមន៍ បារាំង ចំពោះ ការធ្វើទុកបុកម្នេញ លើពួកបព្វជិត កាតូលិកនៅ អាណ្ណាមនោះ  បានសម្រេច ព្រះទ័យ ធ្វើសំណើភ្ជាប់ សម្ព័ន្ធភាព ជាមួយ អធិរាជ ណាប៉ូលេអុងទី៣។

ព្រះតេជគុណ ហ្សង់ ក្លូតមីស (Monseigneur Jean Claude Miche) បេសកជន កាតូលិកបារាំង ដែលចេះ ភាសាខ្មែរ ផងនោះ មានទំនាក់ទំនង យ៉ាងល្អ ជាមួយ ព្រះបាទ អង្គឌួង បាននាំមកនូវ វិភាគទាន ដ៏ប្រពៃ ចំពោះ ការស្ថាបនា នូវចំណង គតិយុត្ត ផ្សារភ្ជាប់ ប្រទេសកម្ពុជា ជាមួយ ប្រទេស បារាំង។ របប អាណាព្យាបាល បារាំង ដែលត្រូវបាន បង្កើតឡើង ដោយ សន្ធិសញ្ញា ថ្ងៃទី១១ សីហា ១៨៦៣ បានធ្វើ អន្តរាគមន៍ ចំពេលស្លាប់រស់នៃ ប្រវត្តិសាស្ត្រកម្ពុជា។

សម្តេច នរោត្តម សីហនុ   នៅក្នុងស្នា ព្រះហស្ត របស់ព្រះអង្គ ដែលមាន ចំណងជើងថា «រាជាធិបតេយ្យ កម្ពុជា និងព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យ» បានសរសេរថា «សន្ធិសញ្ញា ឆ្នាំ​​១៨៦៣នោះ ពិតជាអាច ទទួលយកបាន នៅសម័យនោះ ពីព្រោះ វាមាន លក្ខណៈសេរី»។

សន្ធិសញ្ញា ថ្ងៃទី១១ សីហា ១៨៦៣​ រវាងអធិរាជ បារាំង និងព្រះរាជាកម្ពុជា ដែលបាន បង្កើត របបអាណាព្យាបាល នោះ ត្រូវបាន ចុះហត្ថលេខា នៅរាជវាំង ឧដុង្គ។ មាត្រាទី១ ចែងថា «ព្រះ​ចៅអធិរាជ បារាំង ព្រមផ្តល់នូវ កិច្ចការពារ ចំពោះព្រះរាជា កម្ពុជា»។ តាមមាត្រា ទី១៦ ព្រះ​ចៅអធិរាជ បារាំង ដែលទទួលស្គាល់ អធិបតេយ្យភាព នៃព្រះរាជា កម្ពុជានាះ សន្យាថា នឹងថែរក្សា​ សណ្តាប់ធ្នាប់ និងភាពសុខសាន ្តនៅក្នុងប្រទេស ថានឹងជួយ ការពារ កម្ពុជា ទល់នឹង រាល់ការវាយ ប្រហារ មកពីក្រៅ ថានឹងជួយ ទារពន្ធ ពាណិជ្ជកម្ម និងថា ជួយផ្តល់ នូវភាព ងាយស្រួល​ដល់ កម្ពុជា​ ក្នុងការ ស្ថាបនា គមនាគមន៍ រវាងកម្ពុជា និងសមុទ្រ។

គួររំលឹកថា តាមរយៈមាត្រាបន្ថែម នៃសន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ ព្រះ​ចៅអធិរាជបារាំង បានថ្វាយមកព្រះរាជាកម្ពុជា នូវនាវាចំហាយទឹកមួយគ្រឿង ដែលមាននាយនាវា និងយន្តការី ជាជនជាតិបារាំង។ ព្រះរាជាកម្ពុជាអាចប្រើនាវានោះ សម្រាប់រាល់កិច្ចការ។

ក្នុងវិស័យ នយោបាយ   អនុសញ្ញា ថ្ងៃទី១៧ មិថុនា ១៨៨៤ រវាងលោក ថម សុន (Thomson) និងព្រះបាទ នរោត្តម គឺជាការចាប់ផ្តើម នូវសម័យ អាណានិគមកម្ម មួយ។ ក៏ប៉ុន្តែ រហូតដល់ឆ្នាំ ១៨៩៧  ទើបបារាំង ដណ្តើម យកបាន អំណាច ទាំងអស់។ អាណានិគមកម្ម បានបង្ក ឲ្យមានការ ប្រឈមមុខគ្នា និងការរួមរស់នៅ ជាមួយគ្នា ដោយចៀស មិនរួច រវាងជន អាណានិគម និងជន នៅក្រោម អាណានិគម។ របប អាណាព្យាបាល បានជោគជ័យ ក្នុងការ គ្រប់គ្រង លើព្រះរាជាកម្ពុជា។ បើតាម សម្តេច នរោត្តម សីហនុ  ព្រះរាជាកម្ពុជា បានក្លាយជា «ម៉ាស៊ីន ចុះហត្ថលេខា» នៅក្នុង សម័យពីឆ្នាំ ១៨៨៤ ដល់ឆ្នាំ ១៩៤៥។

ដោយជ្រក នៅពីក្រោយ ព្រះរាជ ប្រកាស    របប អាណាព្យាបាល បានអនុវត្ត នយោបាយ ពន្ធដារ កាន់តែ ធ្ងន់ឡើងៗ ចាប់ពី ដើមទសវត្ស ឆ្នាំ១៩២០ ហើយបាន នាំឲ្យអ្នក បង់ពន្ធដារ ជួបនឹង ក្តីវិនាស នៅកណ្តាល សម័យ វិបត្តិ សេដ្ឋកិច្ច (១៩៣១-១៩៣៧)។

គួរគិតថា «ធ្វើអាណានិគមកម្ម គឺឲ្យផង យកផង»។ ម្យ៉ាង  ការផ្តួចផ្តើម គំនិត របស់ ពួកអាណានិគមជន បានធ្វើឲ្យ ខូចផល ប្រយោជន៍ របស់ប្រជាជន កម្ពុជា។ ប៉ុន្តែ ម្យ៉ាងទៀត របប អាណាព្យាបាល បារាំង ក៏បាននាំមក ឲ្យកម្ពុជា នូវអត្ថប្រយោជន៍ នៃអរិយធម៌ របស់ខ្លួន ផងដែរ។

ការគង់វង្ស នៃប្រជាជាតិខ្មែរ បានមកពី កិច្ចសហ ប្រតិបត្តិការ យ៉ាងជិតស្និទ្ធ រវាងបារាំង និងកម្ពុជា ជាពិសេស ដោយសារ កិច្ចខិតខំ របស់បារាំង លើវិស័យ ចំនួន៥គឺ ៖ ទ័ពជើងទឹក ទ័ពជើងគោក  រដ្ឋបាល  ការទូត និងស្រទាប់បញ្ញវន្ត។

១. តួនាទីនៃទ័ពជើងទឹកបារាំង
សម្រាប់ ប្រទេសកម្ពុជា លោកឧត្តមនាវី ដឺឡាក្រង់ឌីយ៉ែរ (De la Grandière) និងលោក អនុនាវីទោ ឌូដាដឺឡាក្រេ (Doudart de Lagrée) បានដើរ តួនាទី យ៉ាងសំខាន់។  ដោយសារការ ផ្តួចផ្តើម គំនិតរបស់ លោកអនុនាវីទោ ឌូដាដឺឡាក្រេ នោះ  លោកឧត្តមនាវី ដឺឡាក្រង់ឌីយ៉ែរ បាន​​​​​​​​ចុះហត្ថលេខា ជាមួយ ព្រះរាជាកម្ពុជា លើសន្ធិសញ្ញាមួយ ដែលបាន ដាក់ប្រទេស កម្ពុជា នៅក្រោម អាណាព្យាបាល បារាំង នៅឆ្នាំ១៨៦៣ ដែលជាពេល ស្លាប់រស់នៃ ប្រវត្តិសាស្ត្រ កម្ពុជា។

២. តួនាទីនៃកងទ័ពជើងគោកបារាំង
យើងគួរ រំលឹកថា  ខេត្តមណ្ឌលគិរី បច្ចុប្បន្ន ពីមុន មានឈ្មោះថា តំបន់ឆ្លូងលើ  ជាតំបន់ ដែលមាន ប្រជាជន យ៉ាងតិច នៃប្រទេស កម្ពុជា។ ប្រជាជន នៅតំបន់ នោះ (ខេត្តមណ្ឌលគិរី និងរតនគិរី បច្ចុប្បន្ន) គឺខ្មែរលើ ដែលមាន ប្រភព រួមគ្នា ជាមួយ ជនជាតិ ខ្មែរនៅតំបន់ វាលរាបដែរ។ នៅចន្លោះ ឆ្នាំ១៨៦៦ និង១៨៧៥ ព្រះបាទនរោត្តម បានចាប់ផ្តើម ពង្រឹង អំណាចខ្មែរ នៅតំបន់ ឆ្លូងលើ ហើយនៅ ឆ្នាំ១៨៨៤ ចៅហ្វាយខេត្ត ខ្មែរម្នាក់ បានទៅ គ្រប់គ្រង នៅស្រែខ្ទុម។  នៅពាក់កណ្តាល ទី២នៃស.វ. ទី១៩ នោះដែរ ពួកសៀម បានបន្ត ការលុកលុយ នៅក្នុង តំបន់នោះ។

ការដកថយ របស់សៀម ចេញពី តំបន់នោះ មានប្រវត្តិ ដ៏អស្ចារ្យមួយ។ មេបញ្ជាការ សៀមម្នាក់ ដែលបញ្ជា ទាហានឡាវ ៣៧០នាក់ ទាហាន សៀម២២នាក់ និងដំរី ១៤ក្បាល បានបោះ ទីតាំង នៅតំបន់ បាន់ដុង (ចម្ងាយ ៣០គីឡូម៉ែត ខាងកើត ព្រំដែន ខេត្តមណ្ឌលគិរី សព្វថ្ងៃ) នៅខែកុម្ភៈ ១៨៩០។​ លោកអនុសេនីយ៍ឯក បារាំងឈ្មោះ គុយប៉េ (Cupet)  ដែលអម ដំណើរដោយ ទាហាន ខ្មែរម្នាក់ ត្រូវបាន បញ្ជូនទៅកាន់ ទីនោះ ដើម្បី បញ្ឈប់ ដំណើរ របស់ទ័ពសៀម។ លោកអនុសេនីយ៍ឯក បានបញ្ជា ដាច់ណាត់ ឲ្យទ័ពសៀម ត្រឡប់ ក្រោយវិញ។ ទ័ពសៀម បានគោរពតាម ដោយ ដកថយក្រោយ ឆ្ពោះទៅកាន់ ស្ទឹងត្រែង នៅក្រោម ការវាយ ប្រហារពី អ្នកភូមិ ដែលនៅ ចងចាំ អំពីអំពើ ឃោរឃៅ របស់សៀម ហើយនៅ ឆ្នាំ១៨៩៣ ទ័ពសៀម បានឆ្លង ផុតទន្លេ    មេគង្គ ជាស្ថាពរ ទៅទិស ខាងលិច។

សាមគ្គីភាព បារាំង-ខ្មែរ បែបនេះ បានបន្ត ជាពិសេស ក្នុងអំឡុង សង្គ្រាមលោក លើកទី១។ តាមការ អំពាវនាវ រកអ្នកស្ម័គ្រចិត្ត ឲ្យទៅប្រយុទ្ធ នៅប្រទេសបារាំង ព្រះរាជប្រកាស ជាច្រើន ត្រូវបាន បិទផ្សាយ នៅគ្រប់ភូមិ ស្រុក នៃប្រទេសកម្ពុជា។ ព្រះសង្ឃខ្មែរ ក៏បាន រួមចំណែក ផងដែរ នៅក្នុង ដំណើរការ ជ្រើសរើស អ្នកស្ម័គ្រចិត្ត។  ចំណែក ព្រះមហាក្សត្រខ្មែរ ក៏បានយាង ទៅកាន់ ខេត្តខណ្ឌនានា ក្នុងយុទ្ធនាការ ជ្រើសរើស អ្នកស្ម័គ្រចិត្តនេះ ដោយ សន្យាថា នឹងផ្តល់ គ្រឿងឥស្សរិយយស ព្រមទាំង មុខងារផ្សេងៗ នៅក្នុង រដ្ឋបាល និងក្នុង រាជវាំង ចំពោះ អ្នកទាំងឡាយណា ដែលមានស្នាដៃ លេចធ្លោ។  ៣ខែក្រោយមក  មនុស្សចំនួន ១.០០៨នាក់ ត្រូវបាន ទទួលស្គាល់ ថាមានសម្បទា គ្រប់គ្រាន់ សម្រាប់ បម្រើកងទ័ព។
ក្រោយសង្គ្រាម លោកលើកទី១ វិមាន ឧទ្ទិស ចំពោះអ្នកស្លាប់ សម្រាប់ ប្រទេសបារាំង ត្រូវបាន សម្ពោធនៅក្នុង ខែកុម្ភៈ ឆ្នាំ១៩២៥ នៅទីក្រុង ភ្នំពេញ។

យើងគួររំលឹក ផងដែរថា លោកវរសេនីយ៍ទោ ប៊ែរណា (Bernard) ដែលជា ប្រធាន គណៈកម្មការ បារាំងខាង កំណត់ព្រំដែន រវាងកម្ពុជា និងសៀមនោះ បានខិតខំ យ៉ាងខ្លាំងក្លា ដើម្បីផលប្រយោជន៍ នៃប្រទេសកម្ពុជា។ តាមរបាយការណ៍ របស់លោក ចុះថ្ងៃទី១២ មករា ១៩០៧ លោកបាន ធ្វើដំណើរ ចាប់ពី សៀមរាប ទៅកាន់តំបន់ ព្រំដែនទាំងមូល   ជាតំបន់ ដែលមិនមាន មធ្យោ​បាយ គមនាគមន៍ ទៀងទាត់ ដែលលាតសន្ធឹង នៅខាងត្បូង ជួរភ្នំដងរែក។

ចំណែក លោកវរសេនីយ៍ត្រី អេជែន ដឺឡា ហ្សុងគីយ៉ែរ (Etienne de La Jonquière) នោះវិញ បានធ្វើ បញ្ជីសារពើភណ្ឌ នៃប្រាសាទ ខ្មែរតាំងពី ឆ្នាំ១៩០១។ នៅក្នុង របាយការណ៍ របស់លោក ស្តីអំពី បេសកកម្ម បុរាណវិទ្យា ឆ្នាំ១៩០៧-១៩០៨ លោកបាន សរសេរថា៖ «អតីតរាជាណាចក្រកម្ពុជា ឥឡូវនេះ ត្រូវបែងចែក ជាពីរប្រទេសគឺ ប្រទេសកម្ពុជា ដែលនៅ ក្រោមអាណាព្យាបាល បារាំង និង ប្រទេសសៀម»។

៣. តួនាទីនៃរដ្ឋបាលបារាំង
ក្នុងអំឡុង ពាក់កណ្តាល ទី២នៃស.វ. ទី១៩  មន្ត្រីរដ្ឋបាល បារាំង ក្រៅពីភារកិច្ច រដ្ឋបាល បានចំណាយ កម្លាំង យ៉ាងច្រើន ដើម្បី ស្វែងយល់ អំពីអតីតកាល នៃប្រទេសកម្ពុជា  ក្នុងគោលបំណង បានទទួល នូវសេចក្តី ស្រឡាញ់ពី ប្រជាជន កម្ពុជា។ ដោយត្រូវបាន ចាត់ទុកថា ជាមន្ត្រីរដ្ឋបាល ដ៏ល្អម្នាក់ នៅក្នុងប្រទេសក្រោម អាណាព្យាបាលនោះ លោក អាដេម៉ាឡឺក្លែរ (Adhémar Leclère) មានឈ្មោះល្បីល្បាញ ចំពោះវិភាគទាន របស់លោក លើចំណេះដឹង អំពីសង្គមខ្មែរ ដែលលោក បាននៅ រួមរស់ជាមួយ អស់រយៈពេល ជាង២០ឆ្នាំ ពីឆ្នាំ១៨៨៦ ដល់១៩១០។

នៅពេលដែលលោក បោះពុម្ពផ្សាយ នីតិក្រមខ្មែរ នៅឆ្នាំ១៨៩៨ លោក អាដេម៉ាឡឺក្លែរ បានសរសេរថា មន្ត្រីថ្នាក់លើ របស់លោក ដែលមាន លោក ឌូមែរ (Doumer) ជាអគ្គទេសា​       ភិបាល ឥណ្ឌូចិន ទទួលបន្ទុក ក្នុងការ បោះពុម្ពផ្សាយ។ ចំណែកលោក ឌុយកូស (Ducos) ដែលជារេស៊ីដង់ ជាន់ខ្ពស់ នៅប្រទេសកម្ពុជា នោះវិញ រួមនិងសហការី នានារបស់លោក «បានទទួល ភារកិច្ចឲ្យជួយ លើកស្ទួយ ជនជាតិខ្មែរ ជួយឃុំគ្រង និងជួយ ជំរុញឲ្យដើរ ទៅមុខ នៅលើផ្លូវ នៃអរិយធម៌»។ លោកអាដេម៉ាឡឺក្លែរ បានសរសេរ ទៀតថា ការខិតខំ របស់លោកគឺ «ដើម្បី ឲ្យបានស្គាល់ កាន់តែច្បាស់ អំពីប្រជាជាតិខ្មែរ ដែលធ្លាប់ ជាប្រជាជាតិមួយ យ៉ាងធំ សក្តិសម ឲ្យយើង កោតសរសើរ ចំពោះ អ្វីដែល ប្រជាជាតិ នេះបានធ្វើ ក្នុងអតីតកាល និងការជួយ របស់យើង​ ចំពោះអ្វីដែល ប្រជាជាតិនេះ នឹងអាចធ្វើ នៅពេលអនាគត ប្រសិនបើ យើងគ្រប់គ្រង គេបានល្អ ដឹក​​នាំគេ បានល្អ  បន្ទាប់ពី ស្គាល់គេ បានច្បាស់»។

នៅពាក់កណ្តាល ទី១នៃស.វ. ទី២០ កិច្ចខិតខំ របស់ពួក មន្ត្រីរដ្ឋបាល បារាំងបានផ្តោត ទៅលើ ការកសាង ស្ថាប័នសាធារណៈ នានា ដើម្បី ធ្វើឲ្យកម្ពុជា មានការ អភិវឌ្ឍ លើវិស័យ ជាច្រើន។ វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ នៅភ្នំពេញ ដែលសម្ពោធ នៅក្នុង ខែឧសភា ១៩៣០ ដោយមាន វត្តមាន ព្រះបាទស៊ីសុវត្ថិ មុនីវង្ស លោករេស៊ីដង់ជាន់ខ្ពស់ ឡាវីដ (Lavit) និងលោក អគ្គទេសា​ភិបាល ឥណ្ឌូចិន ប៉ាសគីយេ (Pasquier)។ លោក ប៉ាសគីយេ បានជូនពរថា «ចំពោះ វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ ជាបុប្ផានៃ គតិបណ្ឌិត របស់អាស៊ី រីកស្គុះស្គាយ នៅក្រោម ក្រសែភ្នែក បារាំង ដែលជាស្ថាបនិក គួរឲ្យដឹងគុណ»។

លោករេស៊ីដង់ ជាន់ខ្ពស់ ធីបូដូ (Thibaudeau) ក្នុងឱកាស សម្ពោធសាលា ឬស្សីកែវថ្មី នៅថ្ងៃទី២១ តុលា ១៩៣៩ បានគូស បញ្ជាក់នៅក្នុង សន្ទរកថា របស់លោកថា៖ «ពូជសាសន៍ ដែលធ្លាប់ កសាងប្រាសាទ ភ្នំនៅអង្គរ ដោយសារ កម្លាំងសាច់ដុំ របស់ខ្លួននោះ សព្វថ្ងៃនេះ នៅបន្តបង្កបង្កើន ផលយ៉ាង អង់អាច នៅលើស្រែ ចម្ការនៃ រាជាណាចក្រកម្ពុជា និងបង្ហាញ ឲ្យឃើញថា  គេមាន សមត្ថភាព ដូចពូជសាសន៍ ដទៃៗទៀតដែរ»។

៤. តួនាទីនៃការទូតបារាំង
បារាំង បានចុះហត្ថលេខា លើសន្ធិសញ្ញា និងអនុសញ្ញា ផ្សេងៗ ជាមួយសៀម។ សន្ធិសញ្ញា បារាំង-សៀម ថ្ងៃទី១៥ កក្កដា ១៨៦៧ ដែលចុះហត្ថលេខា នៅទីក្រុងប៉ារីស បានកែសម្រួល ទីតាំងនៃ ប្រទេសកម្ពុជា។ ដោយសារ សន្ធិសញ្ញានេះ សៀមបាន ទទួលស្គាល់ របបអាណាព្យាបាល បារាំង មកលើប្រទេសកម្ពុជា។

សន្ធិសញ្ញា បារាំង-សៀមថ្ងៃទី៣ តុលា ១៨៩៣ នាំឲ្យកម្ពុជា ទទួលបាន ខេត្តស្ទឹងត្រែង ពីសៀម មកវិញ។ នៅថ្ងៃទី៧ តុលា ១៩០២ មានការ ចុះហត្ថលេខា រវាងលោក ដែលកាសេ (Delcassé) និងសៀម នាំឲ្យកម្ពុជា ទទួលបាន ខេត្តម្លូព្រៃ និងទន្លេរពៅ។ ដោយអនុសញ្ញា នេះមិនបាន ទទួលសច្ចាប័ន នៅប្រទេស បារាំងនោះ កិច្ចចរចារថ្មីៗ ដែលស្នើឡើង ដោយលោក​ ដែលកាសេ នៅទីក្រុង បាំងកក បាននាំទៅរក សន្ធិសញ្ញា ថ្ងៃទី១៣ កុម្ភៈ ១៩០៤។

ដោយសារ សន្ធិសញ្ញា បារាំង-សៀម ថ្ងៃទី២៣ មីនា ១៩០៧ សៀមបាន ប្រគល់ឲ្យ បារាំងនូវ ខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន ហើយបារាំង បានប្រគល់ បន្តមកថ្វាយ ព្រះបាទស៊ីសុវត្ថិ នៅថ្ងៃទី២៣ ធ្នូ ១៩០៧។

៥. តួនាទីនៃបញ្ញវន្តបារាំង
អ្នកស្រាវជ្រាវ បារាំង មានតួនាទី ចម្បងក្នុង ខេមរវិទ្យា។ ការបង្កើត បេសកកម្ម បុរាណវិទ្យានៃ ឥណ្ឌូចិន ឆ្នាំ១៨៩៨ ដែលត្រូវ ជំនួសដោយ សាលាបារាំង ចុងបូព៌ាប្រទេស នៅឆ្នាំ១៩០១នោះ បានធ្វើឲ្យមាន ការលូតលាស់ថ្មី នៅក្នុង ផ្នែកខេមរវិទ្យា។ នៅឆ្នាំ១៩០៨ សាលាបារាំង ចុងបូព៌ាប្រទេស បានបង្កើត កិច្ចអភិរក្ស អង្គរ ដែលបាន ដើរតួនាទី យ៉ាងចម្បង ក្នុងសកម្មភាព ស្រាវជ្រាវ ការអភិរក្ស និងការជួសជុល រហូតដល់ ដើមទសវត្ស ឆ្នាំ១៩៧០។

ការជួបគ្នា ក្នុងស្ថានភាព អាណានិគម រវាងបារាំង និងខ្មែរ បានបន្សល់ ទុកឲ្យយើងនូវ អនុស្សាវរីយ ៍ផ្អែមល្ហែម និងជូរចត់។ ប្រទេសកម្ពុជា បានស្ថិត នៅក្រោមការ ធ្វើអាជីវកម្ម អាណានិគម ចាប់ពីចុងស.វ. ទី១៩។ ក៏ប៉ុន្តែ អាណានិគមកម្ម បារាំងបាននាំ មកនូវរបស់ មួយដែលយើង មិនអាច បំភ្លេចបាន នោះគឺ «ការគង់វង្សនៃ ប្រជាជាតិខ្មែរ»។
ជយោ មិត្តភាព និងសាមគ្គីភាពបារាំង-ខ្មែរ !
សូមអរគុណ !

អ្នកស្ម័គ្រចិត្តខ្មែរ ទៅប្រយុទ្ធនៅប្រទេសបារាំង ក្នុងសង្គ្រាមលោកលើកទី១
ថតនៅវត្តភ្នំ មុនពេលចេញដំណើរ (ឆ្នាំ១៩១៦)

វិមានឧទ្ទិសចំពោះអ្នកស្លាប់សម្រាប់ប្រទេសបារាំង នៅទីក្រុងភ្នំពេញ
សម្ពោធនៅក្នុងខែកុម្ភៈ ឆ្នាំ១៩២៥


Bibliographie
-Affaire du Temple de Preah Vihear, Cour Internationale de Justice, Volume II.
-Adhémar Leclère, Les Codes cambodgiens, Tome I, Paris, 1898, Préface, p. VIII.
-Alain Forest, Pour comprendre l’histoire contemporaine du Cambodge, in Cambodge contemporain, sous la direction d’Alain Forest, Irasec, Les Indes savantes, 2008.
-Alain Forest, Le Cambodge et la colonisation française, Histoire d’une colonisation sans heurts (1897-1920), L’Harmattan, 1980.
-François Maspero, Front Solidarité Indochinoise, Le Cambodge, Document no. 8, 1975.
-Inauguration du monument aux morts, Archives Nationales de Phnom Penh, RSC, No. 916, 1925.
-Mak Phoeun, La khmérologie : bilan et quelques perspectives, in SornSamnang (Ed.), La khmérologie, connaissance du passé et contribution au renouveau du Cambodge, Actes de la Conférence Internationale sur la khmérologie, (26-30 août 1996), Phnom Penh, Volume I, 1998. 
-Norodom Sihanouk, La monarchie cambodgienne et la croisade royale pour l’indépendance, 1963.
-Norodom Sihanouk, L’Indochine vue de Pékin, Entretiens avec Jean Lacouture, Editions du Seuil, Paris, 1972.
-Pierre Brocheux et Daniel Hémery, Indochine la colonisation ambiguë (1858-1954), Editions La Découverte, Paris, 1995.
-Sorn Samnang, L’évolution de la société cambodgienne entre les deux guerres mondiales (1919-1939), Thèse d’Histoire, Université Paris 7, Octobre 1995.