Flag Counter 


សកម្មភាពឆ្ពោះទៅកាន់ការបង្កើត សមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា
Activities toward the establishment of the Cambodian Historians Association


សកម្មភាព នៃសមាគម អ្នកប្រវត្តិសាស្ត្រ កម្ពុជា ក្រោយពេលបង្កើត
Activities of the Cambodian Historians Association after the establishment


សកម្មភាពទី១ របស់សមាគម
(First activity of the Association)
កម្មវិធីស្រាវជ្រាវអំពី « ប្រវត្តិវិទ្យាល័យ ព្រះស៊ីសុវត្ថិ»
Research Program on “History of Sisowath High School”

កិច្ចសម្ភាសន៍រវាង ទូរទស្សន៍ជាតិកម្ពុជា និងសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា
Interview between TVK and CHA (Part 1)
ទិសដៅរបស់ស.ប.ក គឺ
«បង្កើនការយល់ដឹងអំពីអតីតកាល នៃប្រទេសកម្ពុជា តំបន់ និង​ពិភពលោក 
ដើម្បីរួមចំណែកចំពោះសន្តិភាព វិបុលភាព និងវឌ្ឍនភាព»

កម្មវិធី «អរុណសួស្តីកម្ពុជា» ទូរទស្សន៍ជាតិកម្ពុជា ថ្ងៃទី១៥ សីហា ២០១៣

កាលពីថ្ងៃទី១៥ សីហា ២០១៣ មានកិច្ចសម្ភាសន៍ រវាងទ.ទ.ក (ទូរទស្សន៍ជាតិកម្ពុជា) និងស.ប.ក (សមាគម អ្នកប្រវត្តិសាស្ត្រកម្ពុជា) ក្នុងកម្មវិធី «អរុណសួស្តីកម្ពុជា» ដែលគ្រប់គ្រង កម្មវិធីដោយ លោក ស៊ុយ សុធា និង សម្របសម្រួល កិច្ចសម្ភាសន៍ ដោយលោកស្រី នង ធួក។ សមាសភាព ខាងសមាគមមាន៖ សាស្ត្រាចារ្យបណ្ឌិត ស៊ន សំណាង ប្រធាន, សាស្ត្រាចារ្យបណ្ឌិត ធុយ​ ចាន់ធួន អនុប្រធាន, សាស្ត្រាចារ្យវង់​ សុធារ៉ា អនុប្រធាន និងសាស្ត្រាចារ្យឡោ សាន អគ្គលេខាធិការ។ កិច្ចសម្ភាសន៍ មានខ្លឹមសារ សង្ខេប ដូចតទៅ៖

-ទ.ទ.ក (លោកស្រី នង ធួក): តើកត្តាអ្វីខ្លះ ដែលនាំ ឲ្យឯកឧត្តម បង្កើតជា សមាគម អ្នកប្រវត្តិសាស្ត្រកម្ពុជានេះឡើង?
-ស.ប.ក (បណ្ឌិត ស៊ន សំណាង): ខ្ញុំសូមជម្រាបជូនថា សមាគមនេះ ជាសមាគមជំនាញ របស់អ្នកប្រវត្តិ សាស្ត្រ ដូច្នេះ ខ្ញុំសូមរៀបរាប់ អំពីដំណើរ ដើមទង បន្តិចសិន ដើម្បី ឲ្យបានដឹង អំពីចំណុច ចាប់ផ្តើម   អំពីការ វិវត្ត និងដឹងថា តើយើង ធ្វើអ្វីបានខ្លះហើយ? ចំណុច ចាប់ផ្តើម នោះមានការ ទាក់ទង នឹងស្ថាប័ន បណ្តុះបណ្តាល របស់យើង គឺសាលាគរុវិទ្យា ជាន់ខ្ពស់ ដែលធ្វើការ បណ្តុះបណ្តាល សាស្រ្តាចារ្យ នៅឆ្នាំ១៩៨០។ ពេលនោះ ខ្ញុំជាគរុ និស្សិតមធ្យមសិក្សា ទុតិយភូមិ ផ្នែកប្រវត្តិ-ភូមិវិទ្យា ជំនាន់ទី១ នៃសាលាគរុវិទ្យាជាន់ខ្ពស់ ភ្នំពេញ និងជា ប្រធាន សាស្រ្តាចារ្យ ប្រវត្តិវិទ្យា នៃសាលាគរុវិទ្យា ជាន់ខ្ពស់ ចាប់ពីឆ្នាំ១៩៨១។

រូបទី១: លោក ម៉ា ជន  រូបទី២: លោក ស៊ន សំណាង
ជាគរុនិស្សិតមធ្យមសិក្សាទុតិយភូមិ ផ្នែកប្រវត្តិ-ភូមិវិទ្យា ជំនាន់ទី១
នៃសាលាគរុវិទ្យាជាន់ខ្ពស់ភ្នំពេញ នៅឆ្នាំ១៩៨០ (ក្នុងចំណោមគរុនិស្សិត៤នាក់)
ថតនៅមុខអគារនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌល១
ដែលកាលនោះជាអគារនៃសាលាគរុវិទ្យាជាន់ខ្ពស់

រូបទី១: សាស្រ្តាចារ្យ ស៊ន សំណាង  នៅឆ្នាំ១៩៩២  កំពុងបកប្រែភាសាបារាំង
នៅសាកលវិទ្យាល័យភ្នំពេញ បន្ទាប់ពីត្រឡប់មកពីប្រទេសបារាំង លើកទី១ នៅចុងឆ្នាំ១៩៩១ 
(សាលាគរុវិទ្យាជាន់ខ្ពស់បានក្លាយជា សាកលវិទ្យាល័យភ្នំពេញ នៅឆ្នាំ១៩៨៧)
សាស្រ្តាចារ្យបារាំងមកពី Université d'AngersតាមរយៈFondation Danielle Mitterrand France-Libertés
កំពុងបង្រៀនប្រវត្តិសាស្រ្តសកលលោក ដល់គ្រូឧទ្ទេស (Maîtres Formateurs)
ដែលនឹងត្រូវទៅបង្រៀនគរុនិស្សិត នៅតាមមណ្ឌលគរុកោសល្យភូមិភាគនានា ក្នុងប្រទេសកម្ពុជា  

ខ្ញុំបានជួយ បណ្តុះបណ្តាល និស្សិតប្រវត្តិវិទ្យា អស់រយៈ ពេល១០ឆ្នាំ ចាប់ពី ឆ្នាំ១៩៨១។ នៅឆ្នាំ១៩៩១  ខ្ញុំមាន ឱកាស បានទៅ បន្តការសិក្សា នៅប្រទេសបារាំង ហើយបាន បញ្ចប់ការសិក្សា នៅឆ្នាំ១៩៩៥។  

សាស្រ្តាចារ្យស៊ន សំណាង  ​បានទទួលសញ្ញាបត្របណ្ឌិតផ្នែកប្រវត្តិសាស្រ្ត
ពីសាកលវិទ្យាល័យប៉ារីសទី៧ ប្រទេសបារាំង នៅឆ្នាំ១៩៩៥


ពេលត្រឡប់មក ប្រទេសកម្ពុជាវិញ នៅឆ្នាំ១៩៩៥ ខ្ញុំគិតថា ត្រូវធ្វើអ្វីមួយ ដើម្បីជាប្រយោជន៍ ចំពោះជាតិ។ ស្នាដៃដំបូង របស់ខ្ញុំគឺ ការរៀបចំ «សន្និសីទ អន្តរជាតិ ខេមរវិទ្យា លើកទី១» នៅឆ្នាំ១៩៩៦ ដោយមាន ជិត២០ ប្រទេសមក ចូលរួម និងមានវាគ្មិន ១០០នាក់។ នេះជាវេទិកា វិទ្យាសាស្រ្ត ដែលយើង ជាខ្មែរអាចធ្វើបាន ហើយអញ្ជើញ អ្នកស្រាវជ្រាវ បរទេសឲ្យ មកជាភ្ញៀវ របស់យើងម្តង។

បណ្ឌិតស៊ន សំណាង  ជាព្រឹទ្ធសាស្រ្តាចារ្យផ្នែកប្រវត្តិវិទ្យា នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ជាអ្នករៀបចំ សន្និសីទអន្តរជាតិខេមរវិទ្យា លើកទី១ នៅឆ្នាំ១៩៩៦
Dr. Sorn Samnang, Head of History Department of Royal University of Phnom Penh
Organizer of the First International Conference on Khmer Studies in 1996

សន្និសីទ អន្តរជាតិ ខេមរវិទ្យា លើកទី១នេះ ជាដើមទុន ដំបូងខាង ប្រវត្តិសាស្រ្ត របស់ខ្ញុំ។ ខ្ញុំបាន បោះពុម្ព អត្ថបទ សន្និសីទនោះ បាន២ភាគ ដែលមានជាង ១.០០០ទំព័រ។ គេចាប់ផ្តើម ស្គាល់ខ្ញុំ ដោយសារការរៀបចំសន្និសីទនេះ។
នៅឆ្នាំ១៩៩៧ សមាគម និស្សិតខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា បានអញ្ជើញ ខ្ញុំឲ្យទៅ ចូលរួម ក្នុងសន្និសីទ មួយនៅ ទីក្រុងឡងប៊ិច (នៅ​សាកលវិទ្យាល័យ California State University Long Beach)។ បន្ទាប់មក នៅពេល ស្នាក់នៅ ឯទីក្រុងស្តុកតុន (Stockton)​ នៅឆ្នាំ១៩៩៧  រួមជាមួយ ប្អូនប្រុសខ្ញុំគឺ លោក ស៊ន សូផាត ខ្ញុំបានបង្កើត «គណៈកម្មាធិការ ផ្ទៀងផ្ទាត់ ប្រវត្តិសាស្រ្តខ្មែរ» នៅទីនោះ (Stockton, California, USA)។

បណ្ឌិត​ ស៊ន សំណាង និង លោក ស៊ន សូផាត នៅទីក្រុង Stockton, California, USA នៅឆ្នាំ១៩៩៧
នៅពេលពិភាក្សាអំពីការបង្កើត «គណៈកម្មាធិការផ្ទៀងផ្ទាត់ប្រវត្តិសាស្រ្តខ្មែរ»

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បណ្ឌិត​ ស៊ន សំណាង និងសាស្រ្តាចារ្យប្រវត្តិវិទ្យា
ក្នុងដំណើរការបង្កើត «បណ្ឌិតសភាប្រវត្តិសាស្រ្ត» នៅខែមករា ១៩៩៨

បន្ទាប់មក ​នៅឆ្នាំ១៩៩៨ គណៈកម្មាធិការ ផ្ទៀងផ្ទាត់ ប្រវត្តិសាស្រ្តខ្មែរ បានក្លាយជា «បណ្ឌិតសភាប្រវត្តិសាស្រ្ត»  ហើយនៅឆ្នាំ១៩៩៩ បណ្ឌិតសភា ប្រវត្តិ​សាស្រ្ត បានក្លាយជា «រាជបណ្ឌិតសភាកម្ពុជា» ដែលជាស្ថាប័នពហុជំនាញ ដែលទៅ ហួសព្រំដែន នៃប្រវត្តិសាស្រ្ត។ ខ្ញុំបានគ្រប់គ្រង ស្ថាប័ននោះ អស់​រយៈពេល ១០ឆ្នាំ (១៩៩៩-២០០៩)។
ក្រោយពេល ចូលនិវត្តន៍នៅ ឆ្នាំ២០០៩  ខ្ញុំបានត្រឡប់មក គិតអំពី អ្វីដែល បានគិតពី ឆ្នាំ១៩៩៧នោះ គឺការបង្កើត ស្ថាប័នមួយ សម្រាប់តែ ប្រវត្តិសាស្រ ្តប៉ុណ្ណោះ គឺ «មជ្ឈមណ្ឌល ស្រាវជ្រាវ ប្រវត្តិសាស្រ្តខ្មែរ»។​ សហការីរបស់ខ្ញុំ គឺលោក វង់​ សុធារ៉ា ក៏បានគិតអំពី ការបង្កើត «សមាគមអ្នកប្រវត្តិវិទ្យាកម្ពុជា» ផងដែរ។
នៅដំណាក់កាល ចុងក្រោយ គឺនៅក្នុង ពិធីអបអរសាទរ បុណ្យចូលឆ្នាំខ្មែរ ថ្ងៃទី៥ មេសា ២០១៣ យើងដាក ់ផែនការ ថានឹងបង្កើត សមាគមនេះ ឲ្យបាន។ មិនដល់៣ខែផង សមាគម អ្នកប្រវត្តិសាស្ត្រកម្ពុជា ត្រូវបាន បង្កើតឡើង ជាផ្លូវការ នៅថ្ងៃទី២៨ មិថុនា ២០១៣។

ពិធីអបអរសាទរ ការបង្កើតសមាគម អ្នកប្រវត្តិសាស្ត្រកម្ពុជា
ថ្ងៃសុក្រទី៥ កក្កដា ២០១៣

-ទ.ទ.ក (លោកស្រី នង ធួក):  តើឯកឧត្តម បានកំណត់ ទិសដៅអ្វីខ្លះ សម្រាប់ សមាគម អ្នកប្រវត្តិសាស្ត្រកម្ពុជា?
-ស.ប.ក (បណ្ឌិតស៊ន សំណាង): ទិសដៅរបស់​ សមាគម អ្នកប្រវត្តិសាស្ត្រ កម្ពុជានោះគឺ «ការបង្កើន ការយល់ដឹង អំពីអតីតកាល នៃប្រទេសកម្ពុជាផង នៃតំបន់ផង និង​ពិភពលោកផង ដើម្បី យកចំណេះដឹង ទាំងនោះ មករួម​ចំណែក​ ចំពោះសន្តិភាព វិបុលភាព និងវឌ្ឍនភាព»។​​

ជាបឋម យើងត្រូវ បង្កើន ការយល់ដឹង អំពីប្រវត្តិសាស្រ្តជាតិ។ សព្វថ្ងៃ ពិភពលោកជា «សង្គមចំណេះដឹង» ដូច្នេះ ប្រជាពលរដ្ឋ ខ្មែរត្រូវមាន ការយល់ដឹង ច្រើនជាងមុន។ សមាគមយើង នឹងខិតខំ ផលិតឯកសារ ប្រវត្តិសាស្រ្តជាតិ ជាភាសាខ្មែរ ឲ្យបានច្រើន ហើយយើង យកចំណេះដឹង ទាំងនោះ មកជួយ អភិវឌ្ឍ សង្គមយើង ក្នុងពេល បច្ចុប្បន្ន។

បន្ទាប់មក យើងត្រូវ បង្កើន ការយល់ដឹង អំពីតំបន់ ពីព្រោះ យើងជា សមាជិក អាស៊ាន ដើម្បី ឲ្យដឹងអំពី ប្រវត្តិរបស់ អាស៊ាន និងទិសដៅ អនាគត របស់សមាគមនេះ។ ខ្ញុំបាន ចូលរួមរៀបចំ «ចក្ខុវិស័យអាស៊ាន ឆ្នាំ២០២០»។ បើនិយាយ ឲ្យងាយ យល់តែ មួយម៉ាត់គឺថា អាស៊ាន ធ្វើដំណើរ ទៅកាន់ «សេដ្ឋកិច្ច ផ្អែកលើ ចំណេះដឹង» (Knowledge-based Economy)។ ការយល់ដឹង អំពីទិសដៅ របស់អាស៊ាន នេះសំខាន់ណាស់ ដើម្បី ឲ្យប្រទេស នីមួយៗ «រៀបចំ ធនធានមនុស្ស របស់ខ្លួនឲ្យ ពូកែ» បើធនធាន មនុស្សរបស់ខ្លួន មិនមាន សមត្ថភាព ខ្ពស់ទេ គេមិនអាច ទាញយក ផលប្រយោជន៍ ពីសមាហរណកម្ម តំបន់នេះ បានឡើយ។

សាស្រ្តាចារ្យបណ្ឌិត​ ស៊ន សំណាង ជាសមាជិកឥស្សរជនឆ្នើមអាស៊ាន ខាងចក្ខុវិស័យឆ្នាំ២០២០
Prof. Dr. Sorn Samnang, Member of the ASEAN Eminent Persons Group on Vision 2020

ការបង្កើន ការយល់ដឹង អំពីពិភពលោក ក៏សំខាន់ណាស់ដែរ។ ខ្ញុំនៅចាំបានថា កាលពីឆ្នាំ១៩៩៨ មាន «សេចក្តីប្រកាស ពិភពលោក អំពីឧត្តមសិក្សា សម្រាប់សតវត្សទី២១» (World Declaration on Higher Education for the Twenty-First Century) ដែលតម្រូវ ឲ្យគ្រឹះស្ថាន ឧត្តមសិក្សា ធ្វើការបណ្តុះបណ្តាល ធនធាន មនុស្សឲ្យមាន គុណភាពខ្ពស់ ដើម្បី បម្រើសង្គម ឲ្យមានប្រសិទ្ធភាព។ ឧត្តមសិក្សា មិនអាច ពង្រឹងគុណភាព តែឯកឯង​ បានឡើយ គឺត្រូវតែមាន ការពង្រឹង គុណភាព ពីកម្រិតសិក្សា ថ្នាក់ក្រោមៗមក។ ការយល់ដឹង អំពីពិភពលោក នេះមានសារៈ សំខាន់ណាស់ ដើម្បី កុំឲ្យយើង នៅដាច់ឆ្ងាយ ពីគេពេក ដើម្បីឲ្យ ការអភិវឌ្ឍ របស់យើង នៅប្រកៀកប្រកិតនឹងគេ។ (សូមអានភាគទី២ បន្ត)